លោកអ្នកឧកញ៉ា លាង ឃុន ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី

by | Oct 23, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា លាង ឃុន អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ទទួលជួបសំណេះសំណាលសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូនៃសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី ដឹកនាំដោយលោក Chen Jun ដែលជាអនុប្រធានប្រតិបត្តិ និងជាអគ្គលេខាធិការអមដោយធុរជនជាច្រើនរូបទៀតមកពីសាធារណរដ្ឋប្រជាមានិតចិន។

ជាកិច្ចចាប់ផ្តើម លោកអ្នកឧកញ៉ា លាង ឃុន បានមានមតិស្វាគមន៍និងជម្រាបជូនប្រតិភូសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ីអំពីចក្ខុវិស័យក៏ដូចជាបេសកកម្មរបស់សមាគមឧកញ៉ាកម្ពុជាដែលប្រមូលផ្តុំដោយសមាជិកដែលសុទ្ធសឹងជាពាណិជ្ជករដ៏មានសក្តានុពលហើយកំពុងគ្រប់គ្រងអាជីវកម្មលើពហុវិស័យហើយបានរួមចំណែកជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការបង្កើតការងារ និងសកម្មភាពពាណិជ្ជកម្មក៏ដូចជាការវិនិយោគផងដែរ។ ទន្ទឹមនឹងនោះ លោកអ្នកឧកញ៉ា បានបន្ថែមថា តាមរយៈជំនួបនាថ្ងៃនេះនឹងបើកនូវទំព័រថ្មីសម្រាប់សមាគមទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកឈានទៅរកការផ្គូផ្គងពាណិជ្ជកម្មឬការចាប់ដៃគូរវាងសមាជិកនៃភាគីទាំងពីរ ខណៈដែលប្រទេសកម្ពុជា និងចិន គឺជាដៃគូដែកថែបនិងជាទីផ្សារដ៏ធំសម្រាប់កម្ពុជា។

ជាការឆ្លើយតប លោក Chen Jun បានលើកឡើងថា តាងនាមសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី និងក្នុងនាមលោកផ្ទាល់ លោកមានក្តីរីករាយប្រកបដោយកិត្តិយសដែលសមាគមឧកញ៉ាកម្ពុជា បានអនុញ្ញាតដល់រូបលោកនិងធុរជនចិនជាច្រើនរូបទៀត បានចូលជួបសំណេះសំណាល និងពិភាក្សាការងារដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើផ្នែកធុរកិច្ចរវាងសា្ថប័នទាំងពីរ ខណៈដែលសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី មានសមាជិកជាង ២ម៉ឺននាក់ និងមានសាខាជាង ៦០នៅក្នុងប្រទេសចិននិងមានការិយាល័យតំណាងចំនួន ១៥នៅក្នុងទ្វីបអឺរ៉ុប អាស៊ី និងសហរដ្ឋអាម៉េរិក។

លោកបានបញ្ជាក់ថា សម្រាប់ដំណើរទស្សនកិច្ចលើកនេះ មានការចូលរួមពីថ្នាក់ដឹកនាំនៃក្រុមហ៊ុនធំៗដែលកំពុងវិនិយោគលើវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មដូចជាក្រុមហ៊ុន Beijing Dabeinong Technology Group, Beijing Aike Nong Technology Co., Ltd., Beijing Binzhi Technology Co., Ltd. និងក្រុមហ៊ុន Chirui Agricultural Services (Agricultural Machinery) ដោយវិនិយោគិនទាំងនេះសុទ្ធតែមានចំណាប់អារម្មណ៍លើវិស័យកសិកម្មនៅកម្ពុជាដែលមានសក្តានុពលខ្ពស់ក្នុងវិស័យកសិ-ឧស្សាហកម្មនិងមានផលិតផលកសិកម្មដែលមានសក្តានុពលជាច្រើនដូចជា ស្រូវ កៅស៊ូ ដំឡូងមី ស្វាយចន្ទី ចេក និងម្រេចជាដើម។

លោកអគ្គលេខាធិការ មានសុទិដ្ឋិនិយមថា សមាគមទាំងពីរនឹងអាចសម្រេចបានកិច្ចសហការនាពេលដ៏ខ្លីខាងមុខតាមរយៈការបង្កើតនូវយន្តការពិភាក្សាបន្ថែមទៀត, ការបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងការបង្កើតឱ្យមានវេទិកាធុរកិច្ចយ៉ាងតិច ១ឆ្នាំម្តងដើម្បីឱ្យសមាជិកនៃសមាគមទាំងពីរបានជួបពិភាក្សា និងចាប់ដៃគូធុរកិច្ចជាមួយគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ អ្នកឧកញ៉ាអគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ព្រមទាំងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ដែលជាថ្នាក់ដឹកនាំ​សមាគម បានមានមតិស្វាគមន៍ក៏ដូចជាបានណែនាំអំពីសមាសភាពនិងអាជីវកម្មរៀងៗខ្លួនដែលសុទ្ធតែមានកាលានុវត្តភាពក្នុងការវិនិយោគជាមួយភាគីចិនដូចជា កំពង់ផែ សួនឧស្សហកម្ម កសិកម្ម កសិ-ឧស្សាហកម្ម ថាមពលអគ្គិសនី សំណង់ និងរោងចក្រផលិតចំណីអាហារជាដើម។ បន្ថែមពីលើនេះ ថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនក្នុងវិស័យកសិកម្មរួមមាន កត្តាបច្ចេកទេស គ្រាប់ពូជ អ្នកជំនាញ បច្ចេកវិទ្យាថ្មីៗ ការកែច្នៃ តម្រូវការរោងម៉ាស៊ីនកិនស្រូវធំៗ ឡសម្ងួត ក៏ដូចជាការដឹកជញ្ជូនផងដែរ និងបានលើកសំណើដល់ភាគីចិនព្យាយាមគៀងគរនូវវិនិយោគិនដែលមានសក្តានុពលមកកាន់កម្ពុជាបន្ថែមទៀត ខណៈដែលសមាគមឧកញ៉ាកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញកិច្ចសហប្រតិបត្តិការនានាដើម្បីជាគុណប្រយោជន៍ដល់ប្រជាកសិករ និងការអភិវឌ្ឍវិស័យកសិកម្មក្នុងប្រទេសដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងជាពិសេសគឺការបំពេញគ្រប់លក្ខខណ្ឌតម្រូវដើម្បីនាំចេញកសិផលទៅកាន់ប្រទេសចិនតែម្តង។

ភាគីប្រតិភូចិន បានគាំទ្រចំពោះសំណើទាំងនេះនឹងបានបង្ហាញនូវជំនឿចិត្តថា ថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា នឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះបេសកកម្មរបស់សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ីប្រចាំនៅកម្ពុជាហើយជាពិសេសនឹងមានកិច្ចសន្ទនាជាមួយគ្នាជាប្រចាំដើម្បីផ្លាស់ប្តូរព័ត៌មាន និងកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគតាមរយៈការផ្គូផ្គងធុរកិច្ចរវាងសមាជិកនៃសមាគមទាំងពីរ។

តាមរយៈកិច្ចពិភាក្សាយ៉ាងផុសផុល ភាគីទាំងពីរបានឯកភាពឱ្យមានការជួបពិភាក្សាគ្នាបន្ថែមទៀតដើម្បីឈានទៅរកកិច្ចសហប្រតិបត្តិការនានាដែលនឹងនាំមកនូវអត្ថប្រយោជន៍ដល់ភាគីទាំងពីរជាពិសេសការអភិវឌ្ឍលើវិស័យកសិកម្មព្រមទាំងវិស័យផ្សេងៗទៀតដែលជាសក្តានុពលរបស់កម្ពុជា។