ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយអ្នកឧកញ៉ា លី សាំងឡេង សមាជិកក្រុមប្រឹក្សាភិបាល និងឧកញ៉ា អាន ឌីណា សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ព្រមទាំងលោក យឿម ប៉ូរ៉ាន អគ្គលេខាធិការរង បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយនឹងតំណាងក្រុមហ៊ុន PCA Global Associates ដែលមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការធុរកិច្ច និងស្វែងរកដៃគូពាណិជ្ជកម្មនៅប្រទេសកម្ពុជារបស់ក្រុមហ៊ុន PCA Global Associates ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅប្រទេសឥណ្ឌានិងកំពុងបំពេញអាជីវកម្មលើដំណោះស្រាយក្នុងវិស័យអប់រំ, ហិរញ្ញវត្ថុ, សុខាភិបាល, ការរៀបចំទីក្រុងវៃឆ្លាត, ការគ្រប់គ្រងទូទៅ និងការអភិវឌ្ឍគេហទំព័រ និងបណ្តាញសង្គមនានាជាដើម។
តាមរយៈនៃកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពក្នុងការសហប្រតិបត្តិការគ្នាបន្ថែមទៀត និងបន្តជំរុញភាពជាដៃគូធុរកិច្ចរបស់ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានដ៏ធំនេះជាមួយនឹងសមាជិកសមាគមឧកញ៉ាកម្ពុជាដែលកំពុងធ្វើអាជីវកម្មក្នុងវិស័យខាងលើនេះដោយសមាគមឧកញ៉ាកម្ពុជា នឹងធ្វើបច្ចុប្បន្នកម្មជូនសមាជិកទាំងអស់ឱ្យបានជ្រាបនៅពេលក្រោយជាបន្តបន្ទាប់។