ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងលើកទឹកចិត្តទៅកាន់បណ្តាអ្នកវិនិយោគិនជប៉ុន សូមបន្តចូលរួមសហការជាមួយសមាគមឧកញ៉ាកម្ពុជាដើម្បីជំរុញការផ្លាស់ប្ដូរព័ត៌មានរបស់ភាគីទាំងពីរឱ្យបានកាន់តែល្អប្រសើរ។ ឯកឧត្តមបណ្ឌិតបានបន្ថែមថា តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងទូលំទូលាយជាមួយសមាគមឧកញ៉ាកម្ពុជានឹងបង្កើនឱកាសវិនិយោគបន្ថែមទៀតដើម្បីជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចដល់កម្រិតខ្ពស់រវាងកម្ពុជា-ជប៉ុន លើគ្រប់វិស័យ។
នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសន្និសីទស្តីពីការបង្កើតកិច្ចសហការរួមគ្នាកម្ពុជា-ជប៉ុន ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូននៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងលំហរអាកាសទំនើបចុងក្រោយបំផុតរបស់ប្រទេសជប៉ុន នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាគឺជាផ្ទះដែលពេញដោយស្នាមញញឹម និងឱកាសវិនិយោគជាច្រើនសម្រាប់មិត្តធុរជនជាតិ-អន្តរជាតិដែលមានបំណងជួយឱ្យកម្ពុជាមានភាពស្អាត កម្ពុជាមានភាពបៃតង ហើយរក្សាបានភាពស្អាត និងភាពបៃតងនេះជារៀងរហូតទៅ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ធុរជនគ្រប់រូបដែលបានរួមចំណែកក្នុងការធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងប្រកបដោយភាពបៃតង ស្អាត និងចីរភាព ជាមួយគ្នានេះ ការនាំមកនូវបច្ចេកវិទ្យា គឺជាកត្តាជំរុញឱ្យល្បឿននៃការវិនិយោគវិវឌ្ឍទៅបានលឿន និងឆាប់រហ័ស ប៉ុន្តែយ៉ាងណា ត្រូវតែគិតមុនគេទៅដល់ប្រាក់ចំណូល និងផលប្រយោជន៍របស់ប្រជាកសិករខ្មែរ ដែលស្របនឹងគោលនយោបាយជាតិឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់កម្រិតមធ្យមនៅឆ្នាំ ២០៥០ និងក្លាយជាប្រទេសអព្យាក្រឹតកាបូនតាមរយៈការបង្កើនគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០។
សូមរំលឹកថា សន្និសីទនេះត្រូវបានរៀបចំដោយសមាគមឧកញ៉ាកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសជប៉ុន(JETRO) និងទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Atsushi Ueno ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧញ៉ាកម្ពុជា ក្នុងគោលបំណងបង្កើនការយល់ដឹងដល់ធុរជនតាមរយៈបច្ចេកវិទ្យា និងបង្កើននូវឱកាសអាជីវកម្មថ្មីៗ ដើម្បីបង្កើតប្រភពចំណូលមួយផ្សេងទៀតតាមរយៈការលក់ឥណទានកាបូន និងពង្រីកអាជីវកម្មតាមរបៀបបៃតង និងនិរន្តរភាព។