ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ សមាគមឧកញ៉ាកម្ពុជា បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន SAGRI Corporation Private Limited ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិសា្ថន, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ព្រមទាំងឯកឧត្តម UENO Atshushi ឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាព នៃព្រះរាជាណាចក្រជប៉ុនប្រចាំនៅកម្ពុជា នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្នុង «សន្និសីទស្តីពីការបង្កើតកិច្ចសហការរួមគ្នាកម្ពុជា-ជប៉ុន ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូននៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងលំហអាកាសទំនើបចុងក្រោយបំផុតរបស់ប្រទេសជប៉ុន»។
សូមបញ្ជាក់ថា SAGRI Corporation Private Limited គឺជាក្រុមហ៊ុនដ៏លេចធ្លោមួយរបស់ប្រទេសជប៉ុន ដែលធ្វើអាជីវកម្មលើការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងសន្តិសុខស្បៀងជាមួយនឹងបច្ចេកវិទ្យាស្កេនពីចម្ងាយដ៏ទំនើបទៅលើដីកសិកម្ម និងការផ្តល់នូវយន្តការដោះស្រាយលើផលប៉ះពាល់សង្គមរួមទាំងអាជីវកម្មលើឥណទានកាបូបផងដែរ។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ស្ថាប័នទាំងពីរនឹងបំពេញកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការចែករំលែកនូវចំណេះដឹង ការសិក្សាស្រាវជ្រាវទៅលើគម្រោងឥណទានកាបូនដើម្បីជាប្រយោជន៍ដល់កសិករកម្ពុជា ព្រមទាំងការផ្គូផ្គងធុរកិច្ចរវាងសមាជិក នៃសមាគមឧកញ៉ាកម្ពុជាដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគលើឥណទានកាបូនជាមួយក្រុមហ៊ុន SAGRI ផងដែរ។