ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា ដោយមានកិច្ចសហការពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា ព្រមទាំងភ្នាក់ងាររុករកលំហអាកាសជប៉ុន (JAXA) នឹងរៀបចំ «សន្និសីទស្តីពីការបង្កើតកិច្ចសហការរួមគ្នាកម្ពុជា-ជប៉ុន ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូននៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងលំហអាកាសទំនើបចុងក្រោយបំផុតរបស់ប្រទេសជប៉ុន» នាព្រឹកថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤នេះដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម UENO Atshushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា, លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយស និងវាគ្មិនជាអ្នកជំនាញការ និងធុរជនក្នុងប្រទេសកម្ពុជា និងជប៉ុនជាច្រើនរូបទៀត។
ព្រមទាំងកម្មវិធី «ជំនួបផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុន» ក្រោមប្រធានបទ៖ «ធុរកិច្ចឥណទានកាបូន និងបរិយាកាសវិនិយោគនៅកម្ពុជា» នាពេលរសៀលដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាតំណងក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា និងធុរជនជប៉ុនផងដែរសរុបប្រមាណ ៣០០នាក់។
សូមជម្រាបជូនថា នេះគឺជាព្រឹត្តិការណ៍លើកដំបូងនៅកម្ពុជាដែលនឹងមានការចូលរួមពីវាគ្មិនកម្ពុជា-ជប៉ុនជាអ្នកជំនាញផ្នែកធុរកិច្ច បរិស្ថាន កសិកម្ម ឧស្សាហកម្ម និងបច្ចេកវិទ្យា មកធ្វើការចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងធុរកិច្ចឥណទានកាបូនដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងផ្កាយរណបដើម្បីជាមូលដ្ឋានសម្រាប់ធុរជនកម្ពុជាចាប់យកឱកាសក្នុងប្រតិបត្តិការអាជីវកម្មថ្មីតាមរយៈការបង្កើត និងលក់ឥណទានកាបូនក្នុងវិស័យធុរកិច្ចបៃតង។ សូមបញ្ជាក់ថា កម្មវិធីនេះទទួលបានការឧបត្ថម្ភគាំទ្រពី Chip Mong Group ក្រុមហ៊ុន Khmer Beverages និងធនាគារ SBI Ly Hour ផងដែរ។