លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»

by | Aug 8, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

«ព្រែកជីកហ្វូណនតេជោ» គឺជាគម្រោងមួយដ៏ធំមហិមា និង មានលក្ខណៈជាយុទ្ធសាស្រ្តពិសេសដែលសាងសង់ឡើងក្នុងគោលដៅលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់។

សូមបញ្ជាក់ថា ក្នុងនីតិកាលទី៧ នេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយបានកំណត់ចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ក្នុងនោះការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងគម្រោងផ្លូវនាវាចរណ៍ ត្រូវបានចាត់ទុកជាអាទិភាពគន្លឹះមួយក្នុងចំណោមវិស័យសំខាន់ៗជាច្រើនទៀតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ។