​អ្នកឧកញ៉ា កុក អាន

by | May 13, 2023 | សមាជិកស្ថាបនិក

អ្នកឧកញ៉ា កុក អាន (Neak Oknha Kok An) មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ លោកកើតក្នុងឆ្នាំ១៩៥៤ នៅខេត្តកោះកុងនិងបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីទសវត្សឆ្នាំ១៩៨០ មកម្ល៉េះដោយបានចាប់ផ្តើមមុខជំនួញដោយការដោះដូរទំនិញឆ្លងកាត់ព្រំដែន។

អ្នកឧកញ៉ា​​ កុក អាន គឺជាស្ថាបនិកក្រុមហ៊ុន Anco Group ដែលជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងស្រុកដែលមានបុត្រសម្ព័ន្ធក្នុងពហុវិស័យរួមមាន៖ ក្រុមហ៊ុន​ ផ្គត់ផ្គង់អគ្គិសនី, ទឹកស្អាត, សេវាកម្មធនាគារ និងប្រព័ន្ធទូទាត់ប្រាក់, សណ្ឋាគារ, កាស៊ីណូ, តំបន់កម្សាន្ត និងក្រុមហ៊ុនអាហរ័ណនីហរ័ណព្រមទាំងរោងចក្រផលិតការ៉េម និងទឹកសុទ្ធ​។ ក្រៅពីអាជីពជាអ្នកជំនួញ និងវិនិយោគ អ្នកឧកញ៉ាក៏ជាអ្នកគាំទ្រវិស័យកីឡាផងដែរជាពិសេសកីឡាបាល់ទាត់ដោយលោក​គឺជាស្ថាបនិកក្លិបកីឡាបាល់ទាត់ភ្នំពេញក្រោនដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០១ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំលីគកំពូលរបស់ខ្លួនឡើងវិញ។

ក្រៅពីកិច្ចការជំនួញ និងវិនិយោគ អ្នកឧកញ៉ា ក៏បានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាក្នុងការចូលរួមយ៉ាង សកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌។ ឧកញ៉ា ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រផងដែរ៕