ទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ៖ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋតួកគីយ៉េ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា អ៊ាន អេឡែន បានចូលរួម «វេទិកាធុរកិច្ចតួកគីយ៉េ–កម្ពុជា» (Türkiye–Cambodia Business Forum) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនពីប្រទេសទាំងពីរ សរុបចំនួន ៦៦ក្រុមហ៊ុន។

វេទិកានេះត្រូវបានសហការរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសនៃតួកគីយ៉េ (DEİK) ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋតួកគីយ៉េ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងធុរកិច្ច និងបង្កើតឱកាសសម្រាប់ការស្វែងរកដៃគូសហការថ្មីៗ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងតួកគីយ៉េ ឱ្យសម្រេចបានគោលដៅ ១ពាន់លានដុល្លារអាម៉េរិកនាពេលខាងមុខ។ គួរជម្រាបថា ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានប្រមាណ ៤០០លានដុល្លារអាម៉េរិក កើនឡើងជាង ១៨% បើធៀបនឹងឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ សម្តេចមហាបវរធិបតីបានលើកទឹកចិត្តឱ្យធុរជននៃប្រទេសទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការឱ្យហួសពីការផ្លាស់ប្តូរទំនិញ និងទំហំពាណិជ្ជកម្ម ដោយផ្តោតលើការធ្វើពិពិធកម្មផលិតផល ការពង្រឹងបណ្តាញធុរកិច្ច និងការតភ្ជាប់សមត្ថភាពឧស្សាហកម្មរបស់តួកគីយ៉េ ជាមួយមូលដ្ឋានផលិតកម្មដែលកំពុងរីកចម្រើន និងធនធានកសិកម្មដ៏សម្បូរបែបរបស់កម្ពុជា។

ជាពិសេស វិស័យដែលមានសក្តានុពលសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការរួមមាន កម្មន្តសាល កសិកម្ម និងការកែច្នៃកសិផល ការដឹកជញ្ជូន និងភស្តុភារកម្ម ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាឌីជីថល និងទេសចរណ៍ប្រកបដោយចីរភាព។ កិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះអាចជួយបង្កើតតម្លៃបន្ថែម ពង្រីកឱកាសវិនិយោគ និងបង្កើតផលប្រយោជន៍សេដ្ឋកិច្ចរយៈពេលវែងសម្រាប់ប្រទេសទាំងពីរ។

ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជាក្នុងវេទិកានេះ បានបង្ហាញពីការចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ និងបង្កើនការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ វេទិកានេះក៏ជាឱកាសសម្រាប់សមាគម និងសមាជិករបស់ខ្លួន ក្នុងការស្វែងរកដៃគូធុរកិច្ច និងវិនិយោគថ្មីៗ ព្រមទាំងកំណត់វិស័យសហប្រតិបត្តិការដែលអាចបំពេញសក្តានុពលឱ្យគ្នាទៅវិញទៅមក។

សមាគមឧកញ៉ាកម្ពុជា នឹងបន្តជំរុញការតភ្ជាប់ធុរកិច្ចជាមួយដៃគូអន្តរជាតិ និងគាំទ្រការបង្កើតភាពជាដៃគូដែលមានសក្តានុពល ដើម្បីប្រែក្លាយទំនាក់ទំនង និងការពិភាក្សាធុរកិច្ចទៅជាកិច្ចសហប្រតិបត្តិការ និងគម្រោងវិនិយោគជាក់ស្តែង ដែលរួមចំណែកដល់ការពង្រីកពាណិជ្ជកម្ម ការទាក់ទាញវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។